ជ្រើសរើសភាសា: Khmer Khmer English English
នាព្រឹកថ្ងៃទី ១៦ ខែ មីនា ឆ្នាំ ២០២៦ នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំពិធីបិទវគ្គសិក្សាឆ្នាំ ២០២៥ និង បើកវគ្គសិក្សាឆ្នាំ ២០២៦ នៃ «កម្មវិធីបណ្ដុះបណ្ដាលកម្រិតវិញ្ញាបនបត្រផ្សារភ្ជាប់មុខតំណែង ដោយមានការចូលរួមពីសិក្ខាកាមជ័យលាភីឆ្នាំ ២០២៥ និង សិក្ខាកាមគោលដៅឆ្នាំ ២០២៦ ជាមន្រ្តីអនុវត្តការងារហិរញ្ញវត្ថុសាធារណៈ មកពីក្រសួងស្ថាប័ន រួមទាំងមន្ទីរជំនាញ, គ្រឹះស្ថានសាធារណៈរដ្ឋបាល និង រដ្ឋបាលរាជធានី-ខេត្តទាំង ២៥ ។
អ្នកនិពន្ធ: Vannak SoThea
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី១៦ ខែមីនា ឆ្នាំ ២០២៦

នាព្រឹកថ្ងៃទី ១៦ ខែ មីនា ឆ្នាំ ២០២៦ នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំពិធីបិទវគ្គសិក្សាឆ្នាំ ២០២៥ និង បើកវគ្គសិក្សាឆ្នាំ ២០២៦ នៃ «កម្មវិធីបណ្ដុះបណ្ដាលកម្រិតវិញ្ញាបនបត្រផ្សារភ្ជាប់មុខតំណែង ដោយមានការចូលរួមពីសិក្ខាកាមជ័យលាភីឆ្នាំ ២០២៥ និង សិក្ខាកាមគោលដៅឆ្នាំ ២០២៦ ជាមន្រ្តីអនុវត្តការងារហិរញ្ញវត្ថុសាធារណៈ មកពីក្រសួងស្ថាប័ន រួមទាំងមន្ទីរជំនាញ, គ្រឹះស្ថានសាធារណៈរដ្ឋបាល និង រដ្ឋបាលរាជធានី-ខេត្តទាំង ២៥ ។

អង្គពិធីនេះ បានប្រព្រឹត្តទៅក្រោមការដឹកនាំរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និង ជាប្រធានក្រុមការងារកសាងសមត្ថភាព របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ដោយមានការអញ្ជើញចូលរួមពី លោក Bryan FORNARI ប្រធានសហភាពអឺរ៉ុប ប្រចាំនៅកម្ពុជា និង តំណាងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធ រួមនឹង ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមទាំងមន្ទីរជំនាញ, ថ្នាក់ដឹកនាំតំណាងក្រសួង-ស្ថាប័ន, គ្រឹះស្ថានសាធារណៈរដ្ឋបាល, រដ្ឋបាលរាជធានីខេត្ត ព្រមទាំងឧទ្ទេសាចារ្យ និង សិក្ខាកាម សរុបប្រមាណ ១ ២០០ នាក់ ។

ថ្លែងក្នុងពិធីនោះ, ឯកឧត្តមបណ្ឌិតសភាចារ្យ បានជម្រាបជូនអង្គពិធីថា កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ កំពុងស្ថិតក្នុងដំណាក់កាលទី៤ ជាដំណាក់កាលចុងក្រោយ ក្នុងគោលដៅគឺ «គណនេយ្យភាពសមិទ្ធកម្ម» ដែលត្រូវបានបន្តគាំទ្រយ៉ាងមុតមាំ ពីរាជរដ្ឋាភិបាល សំដៅជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និង ការលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋ ។ លើសពីនេះ, ច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈឆ្នាំ២០២៣ បានកំណត់ក្របខ័ណ្ឌពេលសម្រាប់ការអនុវត្តជាមូលដ្ឋាន «ប្រព័ន្ធថវិកាសមិទ្ធកម្ម» ចាប់ពីឆ្នាំ២០២៦ និង តម្រូវឱ្យមន្ត្រីអនុវត្តការងារហិរញ្ញវត្ថុសាធារណៈ នៃក្រសួងស្ថាប័ន, អង្គភាពសាធារណៈប្រហាក់ប្រហែល, គ្រឹះស្ថានសាធារណៈរដ្ឋបាល និង រដ្ឋបាលថ្នាក់ក្រោមជាតិ ដែលមានភារកិច្ចអនុវត្តការងារហិរញ្ញវត្ថុ ត្រូវមានគុណវុឌ្ឍិវិជ្ជាជីវៈតាមប្រភេទមុខតំណែងការងារនីមួយៗ ។

ក្នុងន័យនេះ, ការបណ្ដុះបណ្ដាល និង វិក្រឹតការលើជំនាញពាក់ព័ន្ធការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បានក្លាយជាកាតព្វកិច្ចចំពោះមន្ត្រីអនុវត្តការងារហិរញ្ញវត្ថុសាធារណៈ ក្នុងការកសាងគុណវុឌ្ឍិ ដើម្បីបំពេញមុខងារភារកិច្ច សំដៅចូលរួមលើកកម្ពស់ផលិតភាព និង ប្រសិទ្ធភាពការងារ នៃអង្គភាពថវិកានីមួយៗ របស់ក្រសួងស្ថាប័ន និង មន្ទីរអង្គភាពជំនាញពាក់ព័ន្ធ, ទាំងនៅថ្នាក់ជាតិ និង នៅរដ្ឋបាលថ្នាក់ក្រោមជាតិ ស្របតាមស្មារតីច្បាប់ស្ដីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ ឆ្នាំ២០២៣ ត្រង់មាត្រា ១៤ ដែលបានកំណត់ថា «មន្ត្រីរាជការជំនាញហិរញ្ញវត្ថុសាធារណៈ នៃក្រសួងស្ថាប័ន អង្គភាពសាធារណៈប្រហាក់ប្រហែល គ្រឹះស្ថានសាធារណៈរដ្ឋបាល និង រដ្ឋបាលថ្នាក់ក្រោមជាតិ ដែលមានភារកិច្ចអនុវត្តការងារហិរញ្ញវត្ថុ ត្រូវមានគុណវុឌ្ឍិវិជ្ជាជីវៈតាមប្រភេទមុខតំណែងការងារនីមួយៗ» និង ស្របតាមស្មារតី អនុក្រឹត្យស្តីពីគុណវុឌ្ឍិវិជ្ជាជីវៈជំនាញហិរញ្ញវត្ថុសាធារណៈ ដែលត្រូវបានរាជរដ្ឋាភិបាល ដាក់អនុវត្តជាផ្លូវការ កាលពីថ្ងៃទី ១១ ខែ មីនា ឆ្នាំ ២០២៤ កន្លងទៅ ។

ឯកឧត្តមបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់បន្ថែមថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តែងយកចិត្តទុកដាក់ ក្នុងការកសាង និង ការអភិវឌ្ឍសមត្ថភាពមន្រ្តីអនុវត្តការងារហិរញ្ញវត្ថុសាធារណៈ តាមរយៈការដាក់ឱ្យអនុវត្តកម្មវិធីកសាងសមត្ថភាព ដែលមានលក្ខណៈប្រមូលផ្តុំ ជាប្រព័ន្ធ និង គ្រប់ជ្រុងជ្រោយ និង ត្រូវបានកំណត់ទៅជា កម្មវិធីសម្រាប់ក្រសួង-ស្ថាប័ន និង មន្ទីរអង្គភាពជំនាញក្រោមឱវាទ, កម្មវិធីសម្រាប់គ្រឹះស្ថានសាធារណៈរដ្ឋបាល និង កម្មវិធីសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ ។

ជាក់ស្តែង ក្នុងឆ្នាំ ២០២៥ កន្លងទៅនេះ, វិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានផ្តល់ការបណ្តុះបណ្តាល និង វិក្រឹត្យការ ជូនមន្ត្រីជំនាញហិរញ្ញវត្ថុសាធារណៈ បានចំនួន ៦០៧នាក់ (ក្នុងនោះស្ត្រី ២៧១នាក់) ដែលបច្ចុប្បន្ន មន្ត្រីទាំងនោះ កំពុងបំពេញការងារ នៅតាមអង្គភាពថវិកា នៃក្រសួងសា្ថប័ន យ៉ាងសកម្ម ប្រកបដោយវិជ្ជាជីវៈ និង ការទទួលខុសត្រូវខ្ពស់ ។ បន្ថែមលើនេះ, វិទ្យាស្ថានបានសហការជាមួយដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធ ក្នុងការបណ្ដុះបណ្ដាល និង វិក្រឹតការរយៈពេលខ្លី ជូនមន្ត្រីជំនាញហិរញ្ញវត្ថុសាធារណៈ ដើម្បីពង្រីក និង លើកកម្ពស់ការយល់ដឹង និង ចំណេះដឹងបន្ថែម ពាក់ព័ន្ធនឹងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ តាមគោលការណ៍បៃតង និង បរិយាបន្ន ស្របតាម «ផែនការយុទ្ធសាស្ត្រឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុឆ្នាំ ២០២៤-២០៣៣» ដែលជាផែនទីបង្ហាញផ្លូវគោលនយោបាយជាតិ គ្របដណ្តប់លើមហិច្ឆតា ក្នុងការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់, ការបន្សាំនឹងការប្រែប្រួលអាកាសធាតុ និង ការលើកកម្ពស់អភិបាលកិច្ចបរិស្ថាន របស់រាជរដ្ឋាភិបាល ។

នៅក្នុងឱកាសនោះ, លោក Bryan FORNARI ប្រធានសហភាពអឺរ៉ុប ប្រចាំនៅកម្ពុជា បានស្វាគមន៍ និង អបអរសាទរចំពោះជោគជ័យ របស់រាជរដ្ឋាភិបាលកម្ពុជា លើការអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្នុងបីដំណាក់កាលកន្លងមក និង វឌ្ឍនភាពល្អប្រសើរសម្រាប់ដំណាក់កាលទី៤, និង បានវាយតម្លៃថា ការកសាង និង ការអភិវឌ្ឍសមត្ថភាពធនធានមនុស្ស គឺជាកត្តាចាំបាច់សម្រាប់សម្រេចគោលដៅនៃគ្រប់កម្មវិធីកែទម្រង់ ។ ហេតុនេះ ទើបសហភាពអឺរ៉ុប និង ដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធ តែងបានផ្តល់ និង បន្តផ្ដល់ការគាំទ្រ និង កិច្ចសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីរួមចំណែកក្នុងការកសាង និង ការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ។

ឯកឧត្តមបណ្ឌិតសភាចារ្យ បានសង្កត់ធ្ងន់ថា ជំនាញបច្ចេកទេសហិរញ្ញវត្ថុចាំបាច់ត្រូវពង្រីកពី «ការអនុវត្តថវិកាកម្មវិធី ឆ្ពោះទៅការអនុវត្តថវិកាព័ត៌មានសមិទ្ធកម្ម» និង តម្រូវឱ្យបង្កើនការអនុវត្តកម្មវិធីបណ្ដុះបណ្តាលកម្រិតវិញ្ញាបនបត្រផ្សារភ្ជាប់មុខតំណែង ដែលមានលក្ខណៈប្រមូលផ្តុំ ជាប្រព័ន្ធ និង គ្រប់ជ្រុងជ្រោយ សម្រាប់កសាងគុណវុឌ្ឍិវិជ្ជាជីវៈជំនាញហិរញ្ញវត្ថុសាធារណៈ ដើម្បីអនុវត្តក្របខ័ណ្ឌគណនេយ្យភាពសមិទ្ធកម្ម ក្រោមឆ័ត្រកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ ឱ្យសម្រេចបានជោគជ័យ ប្រកបដោយប្រសិទ្ធភាព និង ចីរភាព ៕

ព័ត៌មានទាក់ទង