នៅថ្ងៃពុធ
១២រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា គ.ស.២០២៤, ក្នុងក្របខ័ណ្ឌនៃការកសាងសមត្ថភាពរបស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
និងរដ្ឋបាលរាជធានីខេត្ត ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ,
ឯកឧត្តម យ៉េត វីណែល
អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង
នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
(អ.គ.ហ.) តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ កសហវ. និងជាអគ្គលេខាធិការ
នៃ អ.គ.ហ. អមដោយ ឯកឧត្តម អ៊ុំ យុទ្ធី នាយករដ្ឋបាល ហិរញ្ញវត្ថុ និង
ត្រួតពិនិត្យនិងវាយតម្លៃ នៃ អ.គ.ហ., មន្ត្រីជំនាញ
និងមន្ត្រីជំនាញជាន់ខ្ពស់នៃ អ.គ.ហ.
បានដឹកនាំគណៈប្រតិភូកម្ពុជាទៅបំពេញទស្សនកិច្ចសិក្សាស្ដីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាននៅខេត្តសុរិន្ទ។ ដំណើរទស្សនកិច្ចនេះមានការចូលរួម
និងសម្របសម្រួលដោយឯកឧត្តម ឃិន ញ៉ាន អភិបាលរង
តំណាងរបស់ឯកឧត្ដមអភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ, ឯកឧត្ដម
លោកជំទាវ អភិបាលរង តំណាងអភិបាលនៃគណៈអភិបាលរាជធានី ខេត្តចំនួន ៩ រួមមាន
ខេត្តបន្ទាយមានជ័យ, បាត់ដំបង, ពោធិ៍សាត់,
សៀមរាប, ព្រះវិហារ, ប៉ៃលិន,
កំពង់ធំ, កំពង់ឆ្នាំង និងលោក លោកស្រីប្រធាន
និងអនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី ខេត្តទាំង ២៥។
អំឡុងពេលបំពេញទស្សនកិច្ចសិក្សានេះ គណៈប្រតិភូកម្ពុជាបានជួបប្រជុំជាមួយរដ្ឋបាលខេត្តសុរិន្ទ
ដែលដឹកនាំដោយឯកឧត្ដម ប្រាក់ផាត ស៊ីចាន់វៀង អភិបាលរង តំណាងគណៈអភិបាលខេត្ត
អមដោយប្រធានអង្គភាពជំនាញ ដើម្បីសិក្សាអំពីការអភិវឌ្ឍរបស់ខេត្តសុរិន្ទ
ព្រមទាំងបានធ្វើទស្សនិច្ចសិក្សានៅមន្ទីរពេទ្យសុរិន្ទ
ដើម្បីសិក្សាស្វែងយល់ពីការគ្រប់គ្រង និងការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ។
ទន្ទឹមនេះ, គណៈប្រតិភូក៏បានទៅទស្សនាសារៈមន្ទីរដំរី
និងភូមិចន្ទសូម៉ាសិប្បកម្មត្បាញសូត្រ
ដើម្បីពិនិត្យការរៀបចំតំបន់ទេសចរណ៍ផ្សាភ្ជាប់នឹងការរស់នៅក្នុងមូលដ្ឋាន។