នាព្រឹកថ្ងៃពុធ ១កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣,លោកឆេង អាង អនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រះវិហារ លោកប្រធានការិយាល័យ បានចូលរួមសិក្ខាសាលា ពិគ្រោះយោបល់លើសេចក្ដីព្រាងរបាយការណ៏វិភាគចំណុចខ្លាំង ចំណុចខ្សោយ កាលានុវត្តភាព និងការគំរាម (SWOT) នៃរាជធានី-ខេត្ត ក្រោមអធិបតីភាព ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) អមដោយ ឯកឧត្ដម យ៉េត វីណែល អនុរដ្ឋលេខាធិការ កសហវ. និងជាអគ្គលេខាធិការរង អ.គ.ហ., ឯកឧត្តម អ៊ុំ យុទ្ធី ប្រធានផ្នែករដ្ឋបាល ហិរញ្ញវត្ថុ និង ត្រួតពិនិត្យនិងវាយតម្លៃ, មន្ត្រីជំនាញជាន់ខ្ពស់ និងមន្ត្រីជំនាញនៃ អ.គ.ហ. បានថ្លែងសុន្ទរកថាបើកសិក្ខាសាលាពិគ្រោះយោបល់លើសេចក្ដីព្រាងរបាយការណ៍វិភាគចំណុចខ្លាំង ចំណុចខ្សោយ កាលានុវត្តភាព និងការគំរាម (SWOT) នៃរាជធានី-ខេត្ត។
សិក្ខាសាលានេះត្រូវបានរៀបចំក្នុងគោលបំណងពិនិត្យ ផ្ទៀងផ្ទាត់ ធ្វើបច្ចុប្បន្នភាពទិន្នន័យ ព្រមទាំងធ្វើសុពលភាព និងកែសម្រួលបន្ថែមលើការវិភាគអំពីចំណុចខ្លាំង ចំណុចខ្សោយ កាលានុវត្តភាព និងការគំរាមចំពោះរាជធានី-ខេត្ត ជាពិសេស ពិភាក្សាអំពីវិធានការ និងផែនការសកម្មភាពក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ដោយប្រើប្រាស់វិធីសាស្ត្រវិភាគ SWOT ខ្វែង។
សិក្ខាសាលានេះ មានការចូលរួមពី ឯកឧត្តម លោកជំទាវ អភិបាលរង ដែលជាតំណាងអភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត, លោក លោកស្រី ជាតំណាងអគ្គនាយកដ្ឋានគោលនយោបាយ, អគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ក្រសួងផែនការ និងវិទ្យាស្ថានជាតិស្ថិតិ ព្រមទាំង លោក លោកស្រីប្រធាន អនុប្រធាន និងមន្ត្រីបច្ចេកទេសនៃមន្ទីរ សហវ. ទាំង ២៥ រាជធានី ខេត្ត។
សូមគូសបញ្ជាក់ថា ការរៀបចំរបាយការណ៍វិភាគ SWOT រាជធានី-ខេត្តនេះ គឺជាសូចនាកគន្លឹះរបស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលត្រូវអនុវត្តឱ្យសម្រេចបានតាមគោលដៅក្នុងកិច្ចព្រមព្រៀងសមិទ្ធកម្មក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។