កាលថ្ងៃទី
២ ខែ មិថុនា ឆ្នាំ ២០២៣, ឯកឧត្តមបណ្ឌិតសភាចារ្យ
ហ៊ាន សាហ៊ីប រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច
និង ហិរញ្ញវត្ថុ និង ជាប្រធានក្រុមការងារសម្រាប់កិច្ចប្រជុំ ច្រកចេញចូលតែមួយ បានអញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី
ការពិនិត្យគម្រោងវិនិយោគនៅថ្នាក់រាជធានី-ខេត្ត» នៅមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច
។ ឯកឧត្តមបណ្ឌិតសភាចារ្យ បានមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាល នេះ
គឺជាផ្នែកមួយក្នុងការពង្រឹងសមត្ថភាពធនធានមនុស្ស ដើម្បីបំពេញបេសកកម្មស្នូល និង ពាក់ព័ន្ធ
របស់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ស្របតាម ចក្ខុវិស័យក្រសួងឆ្នាំ ២០៣០
ជាស្ថាប័ននៃឧត្តមភាព ប្រកបដោយសមត្ថភាព និង
គុណវុឌ្ឍិគ្រប់គ្រាន់ក្រោមដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភា-ចារ្យ អូន
ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ។
ឯកឧត្តមបណ្ឌិតសភាចារ្យ
បានមានប្រសាសន៍បន្ថែមថា ក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយ, រាជរដ្ឋាភិបាលសម្រេចបានវឌ្ឍនភាពគួរឱ្យកត់សម្គាល់
ក្នុងការកសាងក្របខណ្ឌច្បាប់ និង លិខិតបទដ្ឋានសំខាន់ៗ
ដើម្បីជំរុញការអភិវឌ្ឍវិស័យឯកជន, ពង្រឹង និង
កែលម្អបរិយាកាសធុរកិច្ច និង ការវិនិយោគ ដូចជា
ច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជាថ្មី, ច្បាប់ស្តីការប្រកួតប្រជែង,
ច្បាប់ស្តីពីការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក, ច្បាប់ស្តីពីការការពារអ្នកប្រើប្រាស់ និង ច្បាប់ពាក់ព័ន្ធ
ដើម្បីកំណត់គោលការណ៍ និង បទប្បញ្ញត្តិបន្ថែម ព្រមទាំងបានសម្រួលដល់ដំណើរការធ្វើធុរកិច្ច
និង វិនិយោគ តាមរយៈការធ្វើឌីជីថលូបនីយកម្ម, ការចុះបញ្ជី,
ការចេញវិញ្ញាបនបត្រនានា, និង
ការរៀបចំថ្នាលបច្ចេកវិទ្យាសម្រាប់សម្រួលពាណិជ្ជកម្ម, ការផ្លាស់ប្តូរទិន្នន័យ
ជាដើម ។ ទន្ទឹមនេះ, រាជរដ្ឋាភិបាលបានដាក់ចេញនូវអនុក្រឹត្យស្តីពីការរៀបចំ
និង ការប្រព្រឹត្តទៅនៃអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត
ដើម្បីផ្តល់សិទ្ធិសម្រេច និង ការធ្វើប្រតិភូកម្មអំណាចកាន់តែច្រើនថែមទៀត
ដល់រដ្ឋបាលថ្នាក់ក្រោមជាតិ លើការពិនិត្យសម្រេចគម្រោងវិនិយោគ
ដែលមានទុនវិនិយោគសមមូលទាប ជាង ៥ លានដុល្លារអាមេរិក ។
ឯកឧត្តមបណ្ឌិតសភាចារ្យ
ហ៊ាន សាហ៊ីប បានបញ្ជាក់ថា ច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា
ផ្តល់នូវការលើកទឹកចិត្តច្រើនជាងមុន មានភាពទាក់ទាញ និង ប្រកបដោយភាពអំណោយផល
សម្រាប់ការវិនិយោគដោយបុគ្គលសញ្ជាតិខ្មែរ និង បរទេស រួមទាំងការធានា និង
ការការពារវិនិយោគ, សេវាថែទាំវិនិយោគ
និង ការដោះស្រាយវិវាទ ។ បន្ថែមពីលើនេះ, រាជរដ្ឋាភិបាលនឹងដាក់ចេញនូវអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា
ដែលមានលក្ខណៈលម្អិត និង ច្រើនជាងអនុក្រឹត្យមុន ។ ក្នុងន័យនេះ, ស្ថាប័នពាក់ព័ន្ធ ពិសេសអង្គភាពនានាក្រោមឱវាទក្រសួងសេដ្ឋកិច្ច និង
ហិរញ្ញវត្ថុ រួមទាំងមន្ទីរសេដ្ឋកិច្ច និង ហិរញ្ញវត្ថុរាជធានីខេត្ត ត្រូវស្វែងយល់
និង ពង្រឹងសមត្ថភាព ទាំងក្របខណ្ឌច្បាប់ បទប្បញ្ញតិ បច្ចេកទេស នីតិវិធី និង
ការងាររដ្ឋបាល ក្នុងការពិនិត្យគម្រោងវិនិយោគ ម៉្យាងច្បាប់ និង
បទប្បញ្ញត្តិពាក់ព័ន្ធវិនិយោគ ត្រូវបានតាក់តែងថ្មី និង
ម៉្យាងការងារចូលរួមពិនិត្យគម្រោងវិនិយោគនៅថ្នាក់រាជ-ធានីខេត្តក៏ថ្មី
សម្រាប់មន្ទីរសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ។
ឯកឧត្តមបណ្ឌិតសភាចារ្យ
ហ៊ាន សាហ៊ីប បានលើកទឹកចិត្តដល់អ្នកចូលរួមវគ្គបណ្តុះបណ្តាលនេះ យកចិត្តទុកដាក់ស្តាប់, ស្វែងយល់ និង កត់ត្រា ដោយផ្តោតលើច្បាប់, បទប្បញ្ញត្តិ, នីតិវិធី និង
បទពិសោធន៍ពិនិត្យគម្រោងវិនិយោគរបស់ស្ថាប័នទាំងនេះ ពិសេសចំណុចទាំងឡាយណា
ដែលស្ថិតក្រោមសមត្ថកិច្ចក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ។ ឯកឧត្តមបណ្ឌិតសភាចារ្យ
បានមានប្រសាសន៍បន្ថែមថា វគ្គ បណ្តុះបណ្តាលនេះ ជាចំណុចចាប់ផ្តើមដ៏ល្អមួយ ហើយត្រូវមានវគ្គបណ្តុះបណ្តាល
ជាបន្តបន្ទាប់ទៀត លើប្រធានបទស្រដៀងគ្នា និង ផ្សេងៗគ្នា
រួមជាមួយនឹងសកម្មភាពផ្សព្វផ្សាយ និង ការចែករំលែកឯកសារ
និង ព័ត៌មានផ្សេងៗផងដែរ ។